Monday, August 31, 2015

ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យក្មេង​ដ៏​ឆ្នើម​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ ២​រូប​គឺ ចាន់ វឌ្ឍនាកា និង កែវ សុខផេង​ មិន​ប្រាកដ​ថាអាច​​ចូល​លេង​បាន​ឬ​យ៉ាងណា​នោះ​ទេ​ នៅ​ពេល​កម្ពុជា​ប៉ះ​ម្ចាស់​ផ្ទះ​ជប៉ុន​នៅ​ថ្ងៃ​ទី​៣​ ខែ​កញ្ញា​ខាង​មុខ​នេះ ​សម្រាប់​ការ​ប្រកួត​ជម្រុះ​បាល់​ទាត់​ពិភពលោក​ឆ្នាំ២០១៨ ​នៅ​ប្រទេស​រុស្ស៊ី​ ប្រចាំ​តំបន់​អាស៊ី​ជុំ​ទី​២។

4
កីឡាករ​​ កែវ សុខផេង កាល​ប្រកួត​​មិត្តភាព​ជាមួយ ប៊ូតាន់

កែវ សុខ​ផេង​ដែល​ទើប​ទៅ​ដល់​ប្រទេស​ជប៉ុន​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​ កាល​ពី​យប់​មិញ​នេះ ​បាន​ប្រាប់​ Sabay ​ថា​នៅ​ពេល​នេះ​រូបគេ​មាន​បញ្ហា​ឈឺ​ចង្កេះ​នៅ​ឡើយ ដូច្នេះ​មិនទាន់​ប្រាកដ​ថា រូប​គេ​អាច​ចូល​លេង​បាន​ឬ​យ៉ាង​ណា​នោះ​ទេ។  ការ​ប្រកួត​នេះ​ពិត​ជា​សំខាន់​ណាស់ ពី​ព្រោះ​ជួប​ជា​មួយ​ក្រុម​ខ្លាំង​ប្រចាំ​តំបន់​អាស៊ី ដូច្នេះ​រូបគេ​ពិតជា​មិនអាច​អវត្តមាន​ពី​ទីលាន​បាន​ឡើយ។ ទោះ​យ៉ាងណា ការ​ចូល​លេង​បាន ឬ​មិន​បាន​រង់​ចាំ​រហូត​ដល់​ថ្ងៃ​ទី​៣ ខែ​កញ្ញា​សិន​ទើប​ដឹង​ច្បាស់។

កីឡាករ​មក​ពី​ភ្នំពេញ​ក្រោន​​រូប​នេះ​បន្ថែម​ទៀត​ថា ក្រៅ​ពី​មាន​របួស​ចង្កេះ សមាជិក​ជម្រើស​ជាតិ​កម្ពុជា​ឆ្នើម​មក​ពី​ក្លិប​បឹង​កេត​អង្គរ ចាន់ វឌ្ឍនាកា ក៏​មាន​បញ្ហា​របួស​ជើង ហើយ​ក៏​មិន​ទាន់​ប្រាកដ​១០០% ​ក្នុង​ការ​បង្ហាញ​ខ្លួន​លើ​ទីលាន​​បាន​ឬ​យ៉ាង​ណា​ដូច​គ្នា​។ កីឡាករ​កម្ពុជា​ផ្សេង​គ្មាន​បញ្ហា​អ្វី​ឡើយ​គឺ​អាច​ចូល​លេង​បាន។

​សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល E នៃ​ពាន​រង្វាន់​បាល់ទាត់​ពិភព​លោក​វគ្គ​ជម្រុះ​តំបន់​អាស៊ី ​កម្ពុជា​បាន​បរាជ័យ​ចំនួន ២​ប្រកួត​​ជាប់​ៗ គ្នា​គឺ​ចាញ់ សិង្ហបុរី ៤-០​ និង​ចាញ់ អាហ្វហ្គានីស្ថាន ១-០​​ ក្នុង​ទឹក​ដី​ខ្លួន​ឯង​។ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ បាន​​​ទៅ​ដល់​ប្រទេស​ជប៉ុន​ កាល​ពី​ព្រឹក​មិញ​នេះ​ បន្ទាប់​ពី​​បាន​ប្រមូល​ផ្ដុំ​ពី​ថ្ងៃ​ទី១៧ ខែ​សីហា កន្លង​ទៅ ហើយ​បាន​ប្រកួត​មិត្តភាព​អន្តរជាតិ​​ឈ្នះ​ក្រុម​ភ្ញៀវ​ប៊ូតាន់ កាល​ពី​ថ្ងៃ​ទី២០ ខែ​សីហា មុន​ចេញ​ទៅ​ប្រទេស​ថៃ ​នៅ​​ថ្ងៃ​ទី២៥ ខែ​សីហា ឆ្នាំ​២០១៥។ នៅ​ថ្ងៃ​ទី២៦ ​ខែ​សីហា បាន​ប្រកួត​ស្មើ​គ្នា​ជាមួយ​ក្លិប Army United ក្នុង​លីក​អាជីព​កំពូល​ថៃ ១ ទល់ ១ ​និង​ប្រកួត​មិត្តភាព​អន្តរជាតិ​​ចាញ់​ក្រុម​ជម្រើស​ជាតិ​ឡាវ ២ ទល់ ១ កាល​ពី​ថ្ងៃ​​ទី​២៩ ខែ​សីហា ថ្មីៗនេះ៕

ka1
កីឡាករ ចាន់ វឌ្ឍនាកា

0 comments:

Post a Comment